បណ្ឌិតសភាឌីជីថលកម្ពុជា: កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាបានរៀបចំ សន្និសីទស្តីពីការជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថលក្រោមប្រធានបទ “ការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យសាធារណៈ” ហៅកាត់ថាសន្និសីទ GovTech ក្រោមអធិបតីឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) និងលោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា Stefan Messerer ហើយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការបច្ចេកទេស ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជន ដែលមានចំនួនសរុបប្រមាណ ២០០ នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានថ្លែងមតិស្វាគមន៍ពីការចូលរួមចំណែកក្នុងការកសាងរដ្ឋាភិបាលឌីជីថល តាមរយៈការបណ្តុះបណ្តាលមន្រ្តីរាជការលើជំនាញឌីជីថល ចាំបាច់ ជំនាញបច្ចេសទេស ជំនាញភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល និងការរៀបចំសិក្ខាសាលា វេទិកា និងសន្និសីទសម្រាប់ មន្រ្តីរាជការ សិក្សា ឈ្វេងយល់ អនុវត្ត និងផ្លាស់ប្តូរបទពិសោធន៍ការងារពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធឌីជីថលសម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋនៅតាមវិស័យរបស់ក្រសួង ស្ថាប័ន។

ជាក់ស្តែង សន្និសីទ GovTech នេះមានគោលបំណង ៣សំខាន់ៗ៖

១. ផ្តល់វេទិកាសម្រាប់មន្រ្តីបច្ចេកទេសឌីជីថលក្នុងការចែករំលែកបទពិសោធន៍ ឧត្តមានុវត្ត និងករណីសិក្សាពាក់ព័ន្ធនឹងអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល

២. ជំរុញនិងបង្កើនភាពស្និទស្នាលនិងដៃគូសហការ

៣. កំណត់អំពីចំណុចខ្វះខាតនិងកាលានុវត្តភាពសម្រាប់ការស្រាវជ្រាវ នវានុវត្តន៍ និងការរៀបចំគោលនយោបាយបន្ថែម។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បាន មានប្រសាសន៍ថា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការកសាងរដ្ឋាភិបាលឌីជីថល គឺជាសកម្មភាពមួយ ដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថល។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា សន្និសីទនេះ ជា ការ ចាប់ផ្តើមថ្មីមួយទៀត ក្នុងកិច្ចការសកម្មភាពទាក់ទងនឹងការជំរុញកិច្ចសន្ទនា ការផ្លាស់ប្តូរបទពិសោធន៍ និងការបញ្ជ្រាបការយល់ដឹងពីការចាប់យកនិងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ព្រមទាំងការស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយកន្លងមក ដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរវាងក្រសួង ស្ថាប័នក្នុងរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងដំណើរបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងគាំទ្រដល់ការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។

អាសយដ្ឋានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល (IDG)៖

ស្ពានលេខ ២, ផ្លូវជាតិលេខ​ ៦, សង្កាត់ ព្រែកលាប, ខណ្ឌ ជ្រោយចង្វារ, រាជធានីភ្នំពេញ

ព័ត៌មានបន្ថែម៖

·Facebook: https://www.facebook.com/CADT.Academy/

· Instagram: cadtofficial

· ​Telegram: t.me/cadt_official

. Google Map: https://maps.app.goo.gl/vsg7zwncaXEAL8yU8\